
បច្ចេកវិទ្យា BEV, HEV, PHEV និង REEV
ក្តីបារម្ភលើចម្ងាយផ្លូវ ហេដ្ឋារចនាសម្ព័ន្ធសម្រាប់សាកថ្ម និងតម្លៃប្រេងឥន្ធនៈ គឺជាសំណួរដ៏ធំបំផុតសម្រាប់អ្នកទិញរថយន្តនាពេលបច្ចុប្បន្ន។ ចម្លើយគឺស្ថិតនៅលើបច្ចេកវិទ្យាទំនើបៗដូចជា៖ BEV, HEV, PHEV និង REEV។ អត្ថបទនេះនឹងពន្យល់យ៉ាងច្បាស់អំពីបច្ចេកវិទ្យានៅពីក្រោយឈ្មោះអក្សរកាត់ទាំងនេះ ដោយប្រៀបធៀបចាប់ពីសមត្ថភាពថ្ម រហូតដល់ការបញ្ចេញផ្សែង ដើម្បីឱ្យអ្នកអាចសម្រេចចិត្តជ្រើសរើសប្រភេទរថយន្តដែលសមស្របនឹងរបៀបរស់នៅរបស់អ្នក។
១. BEV (Battery Electric Vehicle)
រថយន្តអគ្គិសនីសុទ្ធ (The "Pure" Electric) ។ វាក៏ត្រូវបានគេស្គាល់ថាជា EV ផងដែរ ។
- របៀបដំណើរការ៖ វាមិនមានម៉ាស៊ីនចំហេះក្នុងទាល់តែសោះ។ វាដំណើរការទាំងស្រុងដោយកញ្ចប់អាគុយ (ថ្ម) ដ៏ធំ ដែលផ្តល់ថាមពលដល់ម៉ូទ័រអគ្គិសនី។ អ្នកត្រូវតែដោតខ្សែសាកអគ្គិសនី ដើម្បីបញ្ចូលថាមពល។
- អារម្មណ៍ពេលបើកបរ៖ ស្ងាត់ល្អ ស្ទុះខ្លាំង (កម្លាំងរមួលភ្លាមៗ) និងមិនមានបញ្ចេញផ្សែងពុលសោះ ១០០%។
- ស័ក្តិសមបំផុតសម្រាប់៖ អ្នកដែលមានកន្លែងសាកថ្មនៅផ្ទះ ឬនៅកន្លែងធ្វើការ ហើយចង់បញ្ឈប់ការប្រើប្រាស់សាំង និងការផ្លាស់ប្តូរប្រេងម៉ាស៊ីនជារៀងរហូត។
២. HEV (Hybrid Electric Vehicle)
រថយន្តហាយប្រីដ "សាកថ្មដោយខ្លួនឯង" (The "Self-Charging" Hybrid)
- របៀបដំណើរការ៖ ឧទាហរណ៍ដូចជាឡាន Toyota Prius ជាដើម។ វាមានទាំងម៉ាស៊ីនសាំង និងម៉ូទ័រអគ្គិសនីតូចមួយ។ អ្នកមិនអាចដោតខ្សែសាកវាបានទេ។ អាគុយរបស់វាសាកដោយខ្លួនឯងតាមរយៈប្រព័ន្ធ "Regenerative Braking" (ការចាប់យកថាមពលមកវិញនៅពេលអ្នកជាន់ហ្វ្រាំង ឬបន្ថយល្បឿន)។
- អារម្មណ៍ពេលបើកបរ៖ បើកបរដូចរថយន្តប្រើសាំងធម្មតា ប៉ុន្តែស៊ីសាំងតិចជាងមុនឆ្ងាយ ជាពិសេសសម្រាប់ការបើកបរក្នុងក្រុងដែលស្ទះចរាចរណ៍ខ្លាំង។
- ស័ក្តិសមបំផុតសម្រាប់៖ អ្នកដែលចង់សន្សំសំចៃប្រេង ប៉ុន្តែមិនចង់បារម្ភរឿងស្វែងរកស្ថានីយសាកថ្ម។
៣. PHEV (Plug-in Hybrid Electric Vehicle)
រថយន្តដែលរួមបញ្ចូលចំណុចល្អនៃបច្ចេកវិទ្យាទាំងពីរ (The "Best of Both Worlds")
- របៀបដំណើរការ៖ វាមានអាគុយទំហំមធ្យម និងម៉ាស៊ីនសាំង។ អ្នកអាចដោតខ្សែសាកវាបាន ដើម្បីបើកបរដោយប្រើអគ្គិសនីសុទ្ធ (បានចម្ងាយប្រហែល ៣០ ទៅ ៨០ គីឡូម៉ែត្រ)។ នៅពេលអស់ថ្ម ម៉ាស៊ីនសាំងនឹងចាប់ផ្តើមដំណើរការ ហើយវានឹងក្លាយទៅជារថយន្តហាយប្រីដធម្មតា។
- អារម្មណ៍ពេលបើកបរ៖ អ្នកអាចធ្វើដំណើរទៅធ្វើការជារៀងរាល់ថ្ងៃដោយមិនចំណាយសាំងសូម្បីមួយរៀល ប៉ុន្តែអ្នកនៅតែអាចបើកបរទៅខេត្តឆ្ងាយៗបានយ៉ាងងាយស្រួលដោយប្រើសាំង។
- ស័ក្តិសមបំផុតសម្រាប់៖ អ្នកដែលចង់ប្រើរថយន្តអគ្គិសនីសម្រាប់ការរស់នៅប្រចាំថ្ងៃ ប៉ុន្តែមិនទាន់ចង់បោះបង់ភាពជឿជាក់នៃធុងសាំងសម្រាប់ការធ្វើដំណើរឆ្ងាយ។
៤. REEV (Range-Extended Electric Vehicle)
រថយន្តអគ្គិសនីដែលមាន "ម៉ាស៊ីនជំនួយ" (The "Electric Car with a Safety Net") ។ វាក៏ត្រូវបានគេស្គាល់ថាជា EREV ផងដែរ ។
- របៀបដំណើរការ៖ ប្រភេទនេះរាងប្លែកបន្តិច។ វាត្រូវបានរុញច្រានដោយម៉ូទ័រអគ្គិសនីតែប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ វាមានម៉ាស៊ីនសាំងតូចមួយដែលដើរតួជា "ម៉ាស៊ីនភ្លើងចល័ត"។ ម៉ាស៊ីនសាំងនេះមិនមានតួនាទីបង្វិលកង់ដោយផ្ទាល់ទេ គឺវាគ្រាន់តែបង្កើតអគ្គិសនីដើម្បីបញ្ចូលទៅក្នុងអាគុយ កុំឱ្យវាអស់ថ្មប៉ុណ្ណោះ។
- អារម្មណ៍ពេលបើកបរ៖ វាផ្តល់អារម្មណ៍ដូចជារថយន្ត BEV អញ្ចឹង (ស្ទុះ និងរលូន) ប៉ុន្តែប្រសិនបើអស់ថ្ម "ម៉ាស៊ីនភ្លើង" នឹងដំណើរការដើម្បីឱ្យអ្នកអាចបន្តដំណើរទៅមុខទៀតបាន។
- ស័ក្តិសមបំផុតសម្រាប់៖ អ្នកដែលចូលចិត្តបទពិសោធន៍បើកបររថយន្តអគ្គិសនី ប៉ុន្តែរស់នៅក្នុងតំបន់ដែលមិនសូវមានស្ថានីយសាកថ្ម។
សេចក្តីសន្និដ្ឋាន
ការជ្រើសរើសរវាងបច្ចេកវិទ្យាទាំងនេះ អាស្រ័យទៅលើទម្លាប់នៃការបើកបរ និងលទ្ធភាពនៃការសាកថ្មរបស់អ្នក។ ប្រសិនបើអ្នកមានកន្លែងសាកថ្មនៅផ្ទះ និងធ្វើដំណើរផ្លូវថេរជាប្រចាំ BEV គឺជាជម្រើសដែលចំណាយតិចបំផុត និងស្អាតបំផុត។ ប្រសិនបើអ្នកឧស្សាហ៍ធ្វើដំណើរឆ្ងាយៗទៅកាន់តំបន់ដែលមិនសូវមានកន្លែងសាកថ្ម HEV ឬ PHEV ផ្តល់នូវភាពកក់ក្តៅជាង។ រីឯ REEV គឺជាជម្រើសដ៏ល្អសម្រាប់អ្នកដែលចង់បានបទពិសោធន៍រថយន្តអគ្គិសនីពិតប្រាកដ ប៉ុន្តែចង់បានប្រព័ន្ធសុវត្ថិភាពសម្រាប់ស្ថានភាពដែលរកកន្លែងសាកថ្មមិនបាន។
Videos
1BEV, HEV, PHEV, and REEV